> ## Content Index
> Fetch the complete content index at: https://cambodiaobservatory.com/llms.txt
> Use this file to discover other available public pages before exploring further.

# CaMSOb TW&IC — Issue No. 3 (ភាសាខ្មែរ)
- URL: https://cambodiaobservatory.com/camsob-tw-ic-issue-no-3-khmer/
- Published: 2026-11-05T07:04:01.000Z
- Updated: 2026-11-05T07:04:01.000Z
- Author: Sopheak OK SEREI
- Tags: #Import 2026-11-05 13:33

**កាំសូប (CaMSOb)**

**TW&IC — ការតាមដានព្រឹត្តិការណ៍នៅប្រទេសថៃ និងផលប៉ះពាល់លើកម្ពុជា**

*លេខ៣ — ខែតុលា ឆ្នាំ២០២៦*

*ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព័ត៌មានគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លើកលែងតែមានបញ្ជាក់កាលបរិច្ឆេទ​ក្រោយជាងនេះ។*

ផ្នែកទី១ នៃលិខិតប្រចាំខែ ប្រាប់អ្នកអំពីអ្វីដែលកំពុងកើតឡើងនៅព្រំដែន។ ចំណែក TW&IC វិញ ប្រាប់អ្នកអំពីមូលហេតុដែលស្ថានភាពផ្ទៃក្នុងរបស់ថៃផ្ទាល់ ធ្វើឲ្យព្រំដែននោះកាន់តែពិបាកដោះស្រាយ និងអំពីអត្ថន័យរបស់វាចំពោះកម្ពុជា។ ការពិតនីមួយៗមានចែងឈ្មោះប្រភព រីឯកថាខណ្ឌ "ផលប៉ះ​ពាល់លើកម្ពុជា" គឺជាការវិភាគរបស់កាំសូប ហើយត្រូវបានសម្គាល់ឲ្យដឹងដូច្នោះ។

# **ផ្នែកទី១ — បាងកក៖ រដ្ឋាភិបាលស្ថិតក្រោមសម្ពាធ**

- ទឹកជំនន់បានក្លាយជាការសាកល្បងដ៏ធំបំផុតផ្ទៃក្នុងប្រទេសរបស់រដ្ឋាភិបាល។ បន្ទាប់ពីភ្លៀង​ធ្លាក់ខ្លាំងតាំងពីថ្ងៃទី១៦ ខែកញ្ញា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (ថៃ) បាន​​កំណត់ចំនួនអ្នកស្លាប់ត្រឹម ៤៤នាក់ នៅថ្ងៃទី៨ ខែតុលា និង ៦៤នាក់ នៅថ្ងៃទី២៣ ខែ​តុលា ហើយនៅកាលបរិច្ឆេទក្រោយនេះ នៅមានប្រជាជន ១.១៣១.៤០១នាក់ ដែលនៅតែ​រង​ផល​ប៉ះពាល់ ក្នុង១៦ខេត្ត និងពីរខណ្ឌនៃបាងកក (Bernama; The Nation)។ តួលេខ​មុនៗ​មានភាពខុសគ្នា៖ រដ្ឋាភិបាលបាននិយាយថាមានអ្នកស្លាប់ ៦០នាក់ នៅថ្ងៃទី៧ ខែតុលា (Reuters) ហើយបាងកកបានប្រកាសថាជាគ្រោះមហន្តរាយទូទាំងទីក្រុង។ តួលេខទាំងនេះ​មិនបង្កើតបានជាស៊េរីតែមួយច្បាស់លាស់ទេ ដូច្នេះតួលេខនីមួយៗត្រូវបានបញ្ជាក់ជាមួយ​កាល​បរិច្ឆេទរបស់វា។
- ការគាំទ្រពីសាធារណជនបានធ្លាក់ចុះ។ ការស្ទង់មតិ NIDA លើមនុស្ស ២.៥០០នាក់ ដែល​ធ្វើឡើងនៅថ្ងៃទី១៨-២៣ ខែកញ្ញា មុនពេលទឹកជំនន់ធ្ងន់ធ្ងរបំផុត បានបង្ហាញថា លោក អានូទីន ឆានវីរៈគុន ត្រូវបានគាំទ្រជាបេក្ខជននាយករដ្ឋមន្ត្រីដែលគេពេញចិត្តជាងគេ ត្រឹម ១៣,៧៦% ធ្លាក់ចុះពី ២៩,៤០% ក្នុងត្រីមាសទី១ ហើយការគាំទ្រគណបក្សភូមិចៃថៃ​របស់លោក ធ្លាក់ពី ២៦,៦០% មកត្រឹម ១២,០៨% (The Nation, ថ្ងៃទី២៩ ខែកញ្ញា)។ អ្នកសិក្សា ធន ថាំរងណាវ៉ាសវ័ស្ដិ៍ បានរិះគន់អំពីពេលវេលានៃការជូនដំណឹងអំពីទឹកជំនន់។
- រដ្ឋាភិបាលបានជំរុញគម្រោងព្រែកជីកបង្វែរទឹកតម្លៃ ១៦៥ពាន់លានបាត (២០២៧-២០៣៤) ការកែទម្រង់ប្រព័ន្ធធារាសាស្ត្រទាំងមូលតម្លៃ ៩៥ពាន់លានបាត និងគម្រោងធានារ៉ាប់រងគ្រោះ​មហន្តរាយជាតិ ដែលធានារ៉ាប់រង ១០០.០០០បាត ចាប់ពីថ្ងៃទី១ ខែតុលា។ គណបក្ស​ប្រជាជន (ថៃ) ចង់បានកំណែទម្រង់ទូទាំងអាងទន្លេ និងសំណងសម្រាប់សហគមន៍ដែល​ត្រូវបានទុកនៅ​ខាងក្រៅរបងទប់ទឹកជំនន់ (ការវិភាគរបស់ The Nation ថ្ងៃទី៣ ខែតុលា)។ កាំសូបមិនបាន​រក​ឃើញញត្តិដកសេចក្តីទុកចិត្ត ឬសាលដីកាថ្មីរបស់តុលាការណាមួយ ក្នុងអំឡុងពេលនោះទេ។
- ការខូចខាតសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាមានកម្រិតស្រាល រហូតមកដល់ពេលនេះ។ ធនា​គារប្រទេសថៃបានថ្លែងនៅថ្ងៃទី២-៣ ខែតុលា ថាទឹកជំនន់អាចកាត់បន្ថយផលិតផល​​ក្នុងស្រុក​សរុប (GDP) ពី ០,០៣% ដល់ ០,១% ដោយវិស័យទេសចរណ៍រងផលប៉ះពាល់ "មានកម្រិត​សម្រាប់ពេលនេះ"។ SCB EIC ឲ្យដឹងថាសេដ្ឋកិច្ចត្រីមាសទី៣ ស្ទើរតែថេរ ហើយបានកាត់​បន្ថយ​កំណើនឆ្នាំ២០២៦ ប្រហែល ០,១ពិន្ទុភាគរយ ព្រមទាំងរំពឹងថាអត្រា​ការប្រាក់គោល​​ ន​យោបាយនឹងនៅ ១% រហូតដល់ឆ្នាំ២០២៧ (Pattaya Mail)។ អត្ថបទ​របស់ Bernama ចុះថ្ងៃទី២៣ ខែតុលា ផ្តល់ការព្យាករណ៍កំណើនឆ្នាំ២០២៦ ត្រឹម ២,២-២,៥% ដោយមិន​បញ្ជាក់ឈ្មោះអ្នកព្យាករណ៍ ចំណែកព្រិត្តបត្តិលេខ១ បានលើកឡើងតួលេខ​ទាបជាងនេះ គឺ ១,៥-១,៨% ពីសហព័ន្ធអាជីវកម្ម។ កាំសូបមិនទាន់បានផ្គូផ្គងតួលេខទាំង​នេះឲ្យត្រូវគ្នាទេ។
- នេះគ្រាន់តែជាករណីពីមុន មិនមែនជាការព្យាករណ៍ទេ។ បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមនុស្ស​ស្លាប់នៅភាគខាងត្បូងប្រទេសថៃ ក្នុងចុងខែវិច្ឆិកា ឆ្នាំ២០២៥ លោក អានូទីន បានប្រឈម​នឹងការរិះគន់ និងញត្តិដកសេចក្តីទុកចិត្តដែលគ្រោងនឹងដាក់ ហើយបានរំលាយសភានៅខែធ្នូ ខណៈពេលដែលការប្រយុទ្ធគ្នានៅព្រំដែនផ្ទុះឡើងវិញ ហើយ Khaosod English បានរាយ​ការណ៍​ពីរលកនៃការគាំទ្រជាតិនិយម។ បន្ទាប់មក គណបក្សភូមិចៃថៃ បានឈ្នះការបោះ​ឆ្នោតខែកុម្ភៈ ឆ្នាំ២០២៦ យ៉ាងច្បាស់ (Al Jazeera)។

**ផលប៉ះពាល់លើកម្ពុជា៖ ការវិភាគ។** រដ្ឋាភិបាលដែលមានអត្រាគាំទ្រធ្លាក់ចុះ ហើយការឆ្លើយតប​នឹងទឹកជំនន់កំពុងត្រូវគេរិះគន់ មានជម្រើសពីរផ្លូវដែលអាចដើរនៅព្រំដែន៖ ឈរជំហរតឹងរឹងជាងមុន ដើម្បីកសាងការគាំទ្រឡើងវិញ ដូចក្នុងឆ្នាំ២០២៥ ឬក៏ការជួយសង្គ្រោះ ដែលស្រូបយកការយក​ចិត្ត​ទុកដាក់របស់រដ្ឋាភិបាល។ កាំសូបមិនបានរកឃើញមន្ត្រី ឬអ្នកវិភាគថៃណាម្នាក់ ដែលភ្ជាប់ទឹកជំនន់​ទៅនឹងគោលនយោបាយចំពោះកម្ពុជាទេ ការភ្ជាប់នោះគឺជាការយល់ឃើញរបស់យើងតែប៉ុណ្ណោះ។ អ្វីដែលភស្តុតាងបង្ហាញយ៉ាងពិតប្រាកដ គឺថាអាណត្តិរបស់លោក អានូទីន ដែលទទួលបានក្នុងខែ​កុម្ភៈ លែងមានតួលេខស្ទង់មតិគាំទ្រដូចពេលនោះទៀតហើយ។

# **ផ្នែកទី២ — អ្វីដែលមន្ត្រីថៃនិយាយ៖ សេចក្តីថ្លែងការណ៍តាមកាលបរិច្ឆេទ ដាក់​ទន្ទឹមគ្នា**

អ្នកសង្កេតការណ៍ទូតថៃ រួមទាំងអ្នកនិពន្ធនាយករបស់កាំសូប កត់សម្គាល់ឃើញថា មន្ត្រីថៃ​ពេល​ខ្លះប្រើទំនងសម្តីទន់ភ្លន់ជាង ហើយពេលខ្លះទៀតប្រើទំនងសម្តីតឹងរឹងជាង។ កាំសូបមិនចាត់ទុកទំនង​សម្តីណាមួយថាជាទំនងសម្តីពិតនោះទេ។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍តាមកាលបរិច្ឆេទ​ក្នុង​ខែតុលា ដែលដកស្រង់ ឬសង្ខេបខ្លឹមសារ ដូចបានចេញផ្សាយជាភាសាអង់គ្លេស (The Nation, Bernama, Naewna, Thai Post)។ សេចក្តីទាំងនេះជាការបកប្រែពីភាសាថៃដើម ហើយត្រូវបាន​សម្គាល់​ថាដូច្នោះ។ អ្នកអានអាចប្រៀបធៀបបាន។ ពាក្យពេចន៍ជាភាសាថៃនឹងត្រូវបន្ថែម ក្នុងករណី​ដែលអត្ថបទដើមត្រូវបានផ្ទៀងផ្ទាត់រួច។

| **កាលបរិច្ឆេទ** | **អ្នកនិយាយ និងតួនាទី**                                                                               | **សេចក្តីថ្លែងការណ៍ (ជាភាសាអង់គ្លេស ដូចបានចេញផ្សាយ)**                                                                                                                                                                                                                                                         |
| --------------- | ----------------------------------------------------------------------------------------------------- | ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------- |
| ៧ កញ្ញា         | ឧត្តមសេនីយ៍កងទ័ពអាកាស ប្រាផាស សនឆៃឌី ជំនួយមេ​បញ្ជាការកងទ័ពអាកាសថៃ និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានរួម (ថៃ) | សង្ខេបខ្លឹមសារ៖ កងកម្លាំងថៃនឹងឆ្លើយ​តបអស់ពី​សមត្ថភាព ដោយ​ប្រើទាហានជើងគោក កម្លាំង​អាកាស និងកាំភ្លើងធំ ប្រសិនបើទាហានកម្ពុជាវាយ​ប្រហារ​បុគ្គលិកថៃ ក្បែរ​ចុងចោម (The Nation, មានតែអត្ថបទដក​ស្រង់​​ប៉ុណ្ណោះ)                                                                                                       |
| ១២ តុលា         | ឧត្តមសេនីយ៍កងទ័ពអាកាស សេកសាន កាន់ថា មេបញ្ជាការកងទ័ពអាកាសថៃ                                            | សង្ខេបខ្លឹមសារ៖ ក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយឆ្នាំ២០២៧-២៨ លោកបាននិយាយអំពីប្រទេសមិន​រាក់​ទាក់ ដ្រូន និងការបង្កហេតុតាមប្រព័ន្ធអ៊ីនធឺណិត ហើយបាន​មាន​ប្រសាសន៍ថា ក្នុងសង្គ្រាម​គ្មាន​​ចន្លោះសម្រាប់ការ​សាកល្បងធ្វើខុសធ្វើត្រូវទេ (Naewna,ជាភាសាថៃ)។ ចំណងជើង​បញ្ជាក់​ថា ការប្រយុទ្ធគ្នាលើកក្រោយនឹងមិនដូចលើកមុនទេ។ |
| ១៤ តុលា         | ឧត្តមសេនីយ៍ទោ វិនថៃ ស៊ូវារី អ្នកនាំពាក្យកងទ័ពថៃ                                                       | សង្ខេបខ្លឹមសារ៖ តួលេខជនផ្លាស់ទីលំនៅរបស់កម្ពុជា មិនត្រូវនឹងការពិតទេ ហើយកម្ពុជាបន្តបញ្ជូន​ព័ត៌មានមិនត្រឹមត្រូវ តាមរយៈវេទិកាផ្សេងៗ (Thai Post, ជាភាសាថៃ)។ កងទ័ពក៏បានថ្លែងថា ខ្លួនប្រកាន់ខ្ជាប់នូវដំណោះ​ស្រាយដោយសន្តិវិធី តាមយន្តការទ្វេភាគី។                                                                     |
| ១៧ តុលា         | ឧត្តមសេនីយ៍កងទ័ពអាកាស ប្រាផាស នាយកមជ្ឈមណ្ឌលព័ត៌​​មានរួម (ថៃ)                                          | "ថៃឈរលើសន្តិភាព ការពិត អធិបតេយ្យភាព និងការការពារជីវិតមនុស្ស។" (Naewna, ការបកប្រែ)។ ថៃមិនចង់បានសង្គ្រាមទេ ប៉ុន្តែនឹងមិនបោះបង់អធិបតេយ្យភាពឡើយ ហើយត្រៀមខ្លួនសម្រាប់ការចរចាទ្វេភាគី តាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC)។                        |
| ១៩ តុលា         | រដ្ឋមន្ត្រីការបរទេស ស៊ីហាសាក់ ភួងកេតកែវ                                                               | ដំណើរការនេះ "ត្រូវផ្តោតតែលើការកំណត់ព្រំដែន​សមុទ្រប៉ុណ្ណោះ"។ (Bernama, ការបកប្រែ)។ លោកក៏បានមានប្រសាសន៍ថា ថៃបើកចំហ​ចំពោះ​សំណើនានា ប្រសិនបើអធិបតេយ្យភាព និងផលប្រយោជន៍របស់ខ្លួនត្រូវបានការពារ។                                                                                                                    |
| ២៧ តុលា         | ឧត្តមសេនីយ៍ទោ វិនថៃ ស៊ូវារី អ្នកនាំពាក្យកងទ័ពថៃ                                                       | ប្រតិបត្តិការនានា "មានគោលបំណងរក្សា​សន្តិ​សុខ និងសុវត្ថិភាពនៅក្នុងទឹកដីអធិបតេយ្យ​​​របស់ថៃ"។ (The Nation, ការបកប្រែ)។ របាំងទាំងនោះគឺសម្រាប់ការបង្ការ។                                                                                                                                                           |

*កំណត់សម្គាល់៖ កាំសូបមិនបានរកឃើញមតិយោបល់ណាមួយពីសំណាក់យោធាថៃ ស្តីពីលទ្ធផលនៃកិច្ចប្រជុំនៅឡាអេទេ។*

**ផលប៉ះពាល់លើកម្ពុជា៖ ការវិភាគ។** សេចក្តីថ្លែងការណ៍ទាំងនេះខុសគ្នាមិនត្រឹមតែទំនងសម្តីទេ គឺខុសគ្នាទាំងគោលដៅអ្នកស្តាប់ និងប្រធានបទ៖ កងទ័ពអាកាសនិយាយអំពីការត្រៀមខ្លួន កងទ័ពជើងគោកនិយាយអំពីតួលេខ និងលួសបន្លា ហើយក្រសួងការបរទេសនិយាយអំពីសមុទ្រ។ នៅពេលដាក់ជាមួយគ្នា សេចក្តីទាំងនេះបង្ហាញពីរដ្ឋាភិបាលមួយដែលមានទឹកចិត្តផ្សះផ្សា​លើដំណើរ​ការ ប៉ុន្តែរឹងមាំលើបញ្ហាទឹកដី។ តើទំនងសម្តីដែលតឹងរឹងជាងនេះ ឆ្លុះបញ្ចាំងពីចេតនារបស់ថៃបានល្អ​ជាង​ឬអត់ គឺជាការវិនិច្ឆ័យដែលកាំសូបនឹងសាកល្បងតែក្នុងកម្រិតដែលកំណត់ត្រាអនុញ្ញាតប៉ុណ្ណោះ ដោយផ្អែកលើសេចក្តីថ្លែងការណ៍តាមកាលបរិច្ឆេទ និងការពិតជាក់ស្តែងនៅទីវាលនៅពេលក្រោយ។

# **ផ្នែកទី៣ — ព្រំដែន និងជម្លោះទូលំទូលាយ**

- ការផ្សះផ្សានៅឡាអេ បានបង្កើតវិធានការកសាងទំនុកចិត្តចំនួនប្រាំមួយ នៅថ្ងៃទី១៧ ខែតុលា ប៉ុន្តែកាំសូបមិនបានរកឃើញរបាយការណ៍ណាមួយថាមានវិធានការណាត្រូវបានអនុវត្តទេ៖ មិនមានការតែងតាំងតំណាងជាន់ខ្ពស់ មិនមានកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេស និងមិន មានការប្រើប្រាស់ខ្សែទំនាក់ទំនងកងទ័ពជើងទឹកឡើយ (សូមមើលផ្នែកទី១នៃលិខិត)។ លោក ស៊ីហាសាក់ បានមានប្រសាសន៍ថា ដំណើរការនេះមិនមែនជាតុលាការ ហើយមិនបង្កើត សាល ក្រម ដែលមានអានុភាពចងភ្ជាប់ទេ (Bernama)។ សម័យប្រជុំលើកទី៣ ត្រូវបានរាយការណ៍ ថានឹងគ្រោងធ្វើនៅគូឡាឡាំពួរ ថ្ងៃទី២៤-២៧ ខែវិច្ឆិកា (ក្រសួងការបរទេសកម្ពុជា តាម Cambodianess)។
- នៅមូលដ្ឋាន The Nation បានរាយការណ៍នៅថ្ងៃទី២៦ ខែតុលា ថាថៃកំពុងសាងសង់របង​សន្តិសុខ​សាកល្បងមួយ ប្រវែងប្រមាណ ៨,៣៨គីឡូម៉ែត្រ ក្បែរបង្គោលព្រំដែនលេខ ៥២-៥៩ ទល់មុខនឹងប៉ុងណាំរ៉ុង ក្នុងខេត្តចន្ទបុរី។ មន្ត្រីយោធាថៃដែលមិនបញ្ចេញឈ្មោះ បាននិយាយថា របងនេះមានការសម្របសម្រួលជាមួយកម្ពុជា ហើយមិនមានបំណងផ្លាស់ប្តូរខ្សែបន្ទាត់​ព្រំដែន​ទេ។ របាយការណ៍ដដែលនោះក៏បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយពីកងទ័ពជើងទឹកថៃ ដែលហៅរឿងលោក អ៊ុំ សំអាន ថា "ជាបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជាជាចម្បង"។ ប្រភពទាំងពីរនេះសុទ្ធតែមិនបញ្ចេញឈ្មោះ។
- ថៃក៏កំពុងដេញតាមទ្រព្យសម្បត្តិដែលទាក់ទងនឹងបណ្តាញឆបោកផងដែរ។ នៅថ្ងៃទី២៧-២៨ ខែតុលា អាជ្ញាធរថៃបាននិយាយថា នឹងស្នើសុំរឹបអូសទ្រព្យសម្បត្តិជាង ១ពាន់លានដុល្លារ ពី​មនុស្សប្រាំពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតសម្អាតលុយ និងបទធ្វើសកម្មភាព​ជាអង្គការចាត់តាំងឧក្រិដ្ឋជន ហើយដីកាចាប់ខ្លួនត្រូវបានចេញ (AFP តាម Malay Mail)។ ក្នុង​ចំណោមអ្នកដែលត្រូវបានចង្អុលឈ្មោះ មានជនជាតិអាហ្វ្រិកខាងត្បូង ប៊ែន ស្មីត និងអ្នក​ជំនួញ​កម្ពុជា យឹម លាក់ ដែល AFP ពណ៌នាថាជាបងប្អូនប្រុសរបស់មន្ត្រីជាន់ខ្ពស់នគរបាល​កម្ពុជាម្នាក់ ដែលទីភ្នាក់ងារមិនបានបញ្ចេញឈ្មោះ។ មន្ត្រីនិយាយថា ប្រាក់ចំណូលទាំងនោះ​ត្រូវបានផ្ទេរតាមរយៈក្រុមហ៊ុនហិរញ្ញវត្ថុនៅបរទេស ហើយត្រូវបានយកទៅទិញភាគហ៊ុនថៃ ចំណែកការិយាល័យប្រឆាំងការសម្អាតលុយ (ថៃ) បាននិយាយថា ទ្រព្យសម្បត្តិដែលរឹបអូស​បាន​នឹងត្រូវយកទៅទូទាត់សំណងដល់ជនរងគ្រោះពីការឆបោក។ ភាគីលោក យឹម លាក់ បានហៅសកម្មភាពរបស់ថៃថា "ការជំនុំជម្រះតាមប្រព័ន្ធផ្សព្វផ្សាយ" ហើយនិយាយថា ប្រាក់​ជាង ៦០០លានដុល្លារ ត្រូវបានបង្កកដោយគ្មានសវនាការ។ មិនទាន់មានតុលាការណាបានសម្រេចនៅឡើយទេ ហើយចំនួនទឹកប្រាក់ទាំងនេះជាតួលេខ​សរុបរួមរបស់ក្រុមទាំងមូល។
- បញ្ហាវប្បធម៌នៅតែមានការជំទាស់គ្នា។ នៅថ្ងៃទី២២ ខែតុលា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​កម្ពុជា បានទាមទារឲ្យថៃប្រគល់វត្ថុបូរាណពីប្រាសាទខ្នារ មកវិញ។ នៅថ្ងៃទី២៥ ខែតុលា រដ្ឋមន្ត្រីវប្បធម៌ថៃ លោកស្រី សាប៊ីដា ថៃសេត បានបដិសេធការទាមទារនោះ ហើយបាន​និយាយ​ថា ទាំងប្រាសាទខ្នារ និងប្រាសាទតាក្របី ជាកម្មសិទ្ធិរបស់ថៃ និងជាបូរាណស្ថានដែល​បាន​ចុះបញ្ជី ហើយថាថៃនឹង "ពន្យល់អំពីការពិតដល់កម្ពុជាតាមបណ្តាញផ្លូវការ" (The Nation)។
- មន្ត្រីថៃ និងមន្ត្រីកម្ពុជា បានឆ្លើយតបនឹងតួលេខជនផ្លាស់ទីលំនៅរបស់គ្នាទៅវិញទៅមក ក្នុងរយៈពេលមួយ ឬពីរថ្ងៃ (សូមមើលផ្នែកទី១)។ The Nation កត់សម្គាល់ថា តួលេខ ២០.០០០ និង ៤.៦០០ រាប់ក្រុមមនុស្សខុសគ្នា។

**ផលប៉ះពាល់លើកម្ពុជា៖ ការវិភាគ។** សម្រាប់កម្ពុជា ដៃគូម្ខាងទៀតដែលស្ថិតក្រោមសម្ពាធផ្ទៃក្នុង មានហេតុផលតិចតួចណាស់ក្នុងការចំណាយដើមទុននយោបាយលើការបន្ធូរបន្ថយជំហរ ហើយ​រហូតមកដល់ពេលនេះ វិធានការនៅឡាអេមិនចំណាយអ្វីសោះក្នុងការយល់ព្រម និងមិនទាន់ឃើញ​ជាក់ស្តែងនៅទីវាលនៅឡើយ។ លួសបន្លា របង និងប្រាសាទ សុទ្ធតែជាជំហានតូចៗដែលអាច​បដិសេធ​បាន ហើយនីមួយៗអាចត្រូវបានលើកឡើងថាជា "ការបង្ការ" ឬ "ការការពារ"។ ហានិភ័យ​ជាក់ស្តែងមិនមែនជាសង្គ្រាមភ្លាមៗទេ គឺជាការរឹងជាប់បណ្តើរៗនៃស្ថានភាពជាក់ស្តែងនៅទីវាល ខណៈដែលរដ្ឋាភិបាលទាំងពីរនៅតែស្ថិតក្នុងពាក្យពេចន៍នៃបទឈប់បាញ់។

*សេចក្តីជម្រាបជូនអំពីលេខនេះ៖ ទម្រង់ដាក់ទន្ទឹមគ្នាក្នុងផ្នែកទី២ ធ្វើតាមការស្នើសុំរបស់អ្នកនិពន្ធនាយក ឲ្យដាក់សេចក្តីថ្លែងការណ៍​របស់ថៃជាប់គ្នា ជាមួយកាលបរិច្ឆេទច្បាស់លាស់។ កាំសូបនឹងពង្រីកទម្រង់នេះ តែតាមកម្រិតដែលសេចក្តីថ្លែងការណ៍ដែលបានដកស្រង់ និងបានបញ្ជាក់អនុញ្ញាតតែប៉ុណ្ណោះ។*

**ប្រភព**

The Nation (ប្រទេសថៃ); Naewna; Thai Post; Khaosod English; Bernama; Reuters; Pattaya Mail (ដកស្រង់ពីទីភ្នាក់ងារព័ត៌មានថៃ និង SCB EIC); Al Jazeera; The Star (ម៉ាឡេស៊ី) រួមទាំងអត្ថបទចម្លងពីភ្នំពេញប៉ុស្តិ៍; Cambodianess; CamboJA News; AFP តាម Malay Mail; នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ តាមការរាយការណ៍; ធនាគារប្រទេសថៃ តាមការរាយការណ៍; ការស្ទង់មតិ NIDA តាមការរាយការណ៍របស់ The Nation។

*ឯកសារបន្ថែមនេះត្រូវបានចងក្រងឡើងតាមរយៈការសង្ខេបការស្រាវជ្រាវ មិនមែនការផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យទេ។ សម្តីរបស់មន្ត្រីថៃដែលបានដកស្រង់ គឺជាការបកប្រែជាភាសាអង់គ្លេស ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដែលបានលើកឡើង មិនមែនជាការបកប្រែរបស់កាំសូបទេ។ សូមមើលលិខិត CaMSOb ចម្បងសម្រាប់សេចក្តីជម្រាបជូនអំពីការកែសម្រួលពេញលេញ ដែលអនុវត្តដូចគ្នានៅទីនេះផងដែរ។*

*© ២០២៦ CaMSOb។ រក្សាសិទ្ធិគ្រប់យ៉ាង។*